ខេត្តព្រៃវែង៖ កាលពីវេលារំលងអធ្រាត្រថ្ងៃទី១៣ ឈានចូលព្រឹកថ្ងៃទី១៤មេសា ដែលជាថ្ងៃទី ១ នៃពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានករណីបុរសម្នាក់បានតាមទាន់ប្រពន្ធកំពុងលួចជួបជាមួយប្រុសស្នេហ៍នៅក្បែរគុម្ភឬស្សី ធ្វើឲ្យទប់កំហឹងមិនបាន ក៏យកកូនកាំបិតចាក់ប្រុសស្នេហ៍ស្លាប់ក្នុងថ្លុកឈាម និងចាក់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលឆោឡោទាំងកណ្ដាលយប់។
បុរសជាជនដៃដល់មានឈ្មោះ មឿន ចិត្ត អាយុ៤៥ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗក្រោយពីបង្កហេតុ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ស្បោង គុយគី អាយុ៤១ ឆ្នាំ រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗដើម្បីជួយសង្គ្រោះ រីឯបុរសជាសាហាយមានឈ្មោះ អេង លន់ អាយុ៤០ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
តាមចម្លើយសារភាពរបស់បុរសជាប្ដីបានឲ្យដឹងថារូបគេបានសង្ស័យថាប្រពន្ធក្បត់លួចមានសាហាយជាយូរមកហើយ តែមិនទាន់ចាប់បានភស្តុតាង គឺរហូតមកដល់វេលាម៉ោង 2និង 50 នាទីឈានចូលព្រឹកថ្ងៃទី មេសា ពេលខ្លួនភ្ញាក់ពីដេកបំណងឡើងទៅបត់ជើងតូច ស្រាប់តែបាត់ប្រពន្ធមិនឃើញនៅក្នុងបន្ទប់ ទើបចេញដើររកខាងក្រៅផ្ទះ ស្រាប់តែឃើញនាងកំពុងនៅនែបនិត្យជាមួយប្រុសសាហាយ នៅក្បែរគុម្ភឬស្សីខាងក្រោយផ្ទះ ទើបកើតចិត្តក្តៅក្រហាយ ហើយក៏យកកូនកាំបិតចាក់សម្លាប់ទាំងពីរនាក់តែម្ដងទៅ។
បុរសជាប្ដីបានបញ្ជាក់ថា ក្រោយពីចាក់សម្លាប់ប្រុសសាហាយរួច រូបគេបានចាក់ប្រពន្ធជាច្រើនកាំបិតរហូតដេកដូលលើដី ដោយគិតថាប្រពន្ធស្លាប់ហើយ ទើបរូបគេស្រែកប្រាប់បងប្អូនសាច់ញាតិ ធ្វើឲ្យផ្អើលឆោឡោឡើង និងមានសមត្ថកិច្ចចុះមកចាប់ឃាត់រូបគេភ្លាមៗតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពុងត្របែក ដើម្បីបន្តនីតិវិធី ចំណែកស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តស្វាយរៀង ហើយសាកសពប្រុសសាហាយ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕




