គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីស្ត្រីបុគ្គលិកលក់រថយន្តស្លាប់ ខណៈស្ត្រីម្នាក់ទៀតកំពុងរត់គេចខ្លួន!


(ភ្នំពេញ)៖ ស្ត្រីជាបុគ្គលិកលក់រថយន្តម្នាក់ ត្រូវបានរកឃើញស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅជាន់ទី២ ផ្ទះលេខ២៤១ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ៥៖០០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។


ជនរងគ្រោះឈ្មោះ កឹម ម៉ារ៉ា អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកលក់រថយន្ត និងមានទីលំនៅក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។


ជុំវិញករណីនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យចំនួន២នាក់ រួមមាន៖


១. ឈ្មោះ ស៊ន គីមអៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកទិញ-លក់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។


២. ឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ២៦ឆ្នាំ ជាម្ចាស់បន្ទប់កើតហេតុ ដែលបានគេចខ្លួនបាត់។


តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយមិត្តភក្តិនៅកន្លែងលក់រថយន្ត ដោយមានឪពុករបស់នាងចូលរួមផងដែរ។ រហូតដល់វេលាម៉ោងប្រមាណ ៣៖៤១នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ជនរងគ្រោះ និងមិត្តភក្តិ២នាក់ បានបន្តទៅបន្ទប់ជួលកើតហេតុ ដើម្បីប្រើប្រាស់គ្រឿងញៀន។


លុះដល់ព្រឹក ជនរងគ្រោះមានអាការមិនស្រួល និងត្រូវបានអ្នកនៅទីនោះហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅមន្ទីរពេទ្យ។ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។


បន្ទាប់ពីហេតុការណ៍កើតឡើង ជនសង្ស័យជាស្ត្រីបានគេចខ្លួន ខណៈជនសង្ស័យប្រុសឈ្មោះ ស៊ន គីមអៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយ និងទះកំផ្លៀងជនរងគ្រោះមែន ប៉ុន្តែអះអាងថា ការធ្វើបែបនេះមានបំណងជួយសង្គ្រោះជនរងគ្រោះ បន្ទាប់ពីឃើញនាងសន្លប់ស្តូកស្តឹង ក្រោយប្រើប្រាស់គ្រឿងញៀន។


ដោយឡែក តាមការពិនិត្យកោសល្យវិច័យរបស់លោកវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញស្នាមជាំ និងហើមនៅលើផ្ទៃមុខ និងតំបន់ភ្នែកទាំងសងខាងរបស់សព។


លទ្ធផលកោសល្យវិច័យបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសាររបួសប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដែលបណ្តាលមកពីការវាយប្រហារលើផ្ទៃមុខ។ ក្រៅពីនេះ ក៏បានរកឃើញសារធាតុញៀនប្រភេទ K និងសារធាតុ Ecstasy នៅក្នុងខ្លួនជនរងគ្រោះផងដែរ។


បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា។ ចំណែកជនសង្ស័យប្រុស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងបន្តសាកសួរ និងស្រាវជ្រាវ ខណៈកម្លាំងសមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យជាស្ត្រី ដែលបានរត់គេចខ្លួន ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់។








Post a Comment (0)
Previous Post Next Post

Social